"សម្តីមួយអាចបំផ្លាញ ឬក៏ស្ថាបនាជីវិតសិស្ស—តួនាទីសំខាន់នៃភាសានិងខ្លឹមសារស្ថិតក្នុងដៃអ្នកអប់រំ"
ក្នុងបរិបទនៃការអប់រំ ការប្រើប្រាស់ពាក្យសម្តី និងខ្លឹមសារមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដែលមានប្រសិទ្ធភាព និងជួយជំរុញអភិវឌ្ឍន៍អារម្មណ៍ និងចរិតសិស្ស។ ពាក្យសម្តីមួយប៉ុណ្ណោះអាចជារឿងតូចសម្រាប់អ្នកបង្រៀន ប៉ុន្តែអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អារម្មណ៍និងទំនុកចិត្តរបស់សិស្ស។
អភិបាលសិក្សាចំនួនមិនតិចបានបង្ហាញថា សិស្សដែលរងឥទ្ធិពលអវិជ្ជមានពីការបញ្ចេញពាក្យសម្តីមិនសមរម្យរបស់គ្រូ មានទំនោរបាត់បង់កម្លាំងចិត្ត ទទួលបានលទ្ធផលសិក្សាទាប ហើយពេលខ្លះនាំទៅដល់ការលាក់អារម្មណ៍ ឬសូម្បីតែការបោះបង់ការសិក្សា។ អ្នកស្រាវជ្រាវដូចជា Hattie (2009) នៅក្នុងសៀវភៅ Visible Learning បានបង្ហាញថា “The way teachers provide feedback—positive or negative—can have one of the largest effects on student achievement.”
ពាក្យសម្តីអវិជ្ជមានឬការរិះគន់ដែលគ្មានគោលបំណងស្ថាបនា អាចបង្កើនការមិនទំនុកចិត្តខ្លួនឯងរបស់សិស្ស។ នៅវិបរិតិផ្ទុយ គ្រូដែលប្រើពាក្យលើកទឹកចិត្ត ពន្យល់អត់ធ្មត់ និងមានការចងចាំចំពោះបរិបទផ្ទាល់ខ្លួននៃសិស្សអាចជួយបង្កើនទំនាក់ទំនងល្អ និងសំឡេងវិជ្ជមានក្នុងថ្នាក់រៀន។
ការជ្រើសរើសខ្លឹមសារសម្រាប់បង្រៀនក៏ត្រូវការការប្រុងប្រយ័ត្នដូចគ្នា។ ខ្លឹមសារដែលមានបំណងជះឥទ្ធិពលអវិជ្ជមាន ឬបង្កការរើសអើង ប្រើភាសារមិនសមរម្យ ឬបង្កអារម្មណ៍ខ្លាចអាចបណ្តាលឲ្យមានផលប៉ះពាល់ចំពោះការយល់ឃើញរបស់សិស្សចំពោះសង្គម និងខ្លួនឯង។ អ្នកអប់រំត្រូវការពិចារណាលើភាពសមរម្យវប្បធម៌ អាយុ និងមាតិកាដែលអាចបណ្តាលឲ្យមានការយល់ច្រឡំ។
ក្នុងនាមជាអ្នកអប់រំ មិនគ្រាន់តែជាបុគ្គលផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកបង្កើតបរិយាកាសសិក្សាដែលលើសពីការសិក្សាទេពកោសល្យ។ ការយកចិត្តទុកដាក់ចំពោះពាក្យសម្តី និងខ្លឹមសារដែលបង្ហាញក្នុងថ្នាក់ គឺជាឧបករណ៍មួយសំខាន់ក្នុងការបង្កើតការអប់រំពិតប្រាកដ ដែលសិស្សអាចមានអារម្មណ៍ថាពួកគេត្រូវបានគេស្តាប់ គេចាប់អារម្មណ៍ និងមានតម្លៃ។
Dr. James Comer, Yale University បាននិយាយថា៖ “No significant learning occurs without a significant relationship.” សេចក្តីប្រកាសនេះបញ្ជាក់ថា ភាពជាដៃគូនិងទំនាក់ទំនងល្អរវាងគ្រូនឹងសិស្ស ជាមូលដ្ឋានសំខាន់ក្នុងការផ្ដល់អប់រំដ៏មានន័យ។ តែទំនាក់ទំនងនេះមិនអាចកើតមានបាននោះទេ ប្រសិនបើការប្រើប្រាស់ភាសា និងខ្លឹមសារមិនបានយកចិត្តទុកដាក់យ៉ាងម៉្មង។
ប្រភព៖
- Hattie, J. (2009). Visible Learning: A Synthesis of Over 800 Meta-Analyses Relating to Achievement. Routledge.
- Comer, J. P. (2004). Leave No Child Behind: Preparing Today’s Youth for Tomorrow’s World. Yale University Press.
- Pianta, R. C., Hamre, B. K., & Allen, J. P. (2012). Teacher–student relationships and engagement: Conceptualizing, measuring, and improving the capacity of classroom interactions. In Handbook of Research on Student Engagement (pp. 365–386). Springer.